ដោយមើលឃើញអំពីការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ០២ឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៣៥រូប ដឹកនាំដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចឈ្វេងយល់ភូមិគំរូមិត្តភាពចិន-កម្ពុជា ស្ថិតក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្រោមការសហការរវាងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ភូមិគំរូមិត្តភាពចិន-កម្ពុជា ជាភូមិគំរូដែលត្រូវបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ សម្រាប់ចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា។ ភូមិគំរូនេះបានសម្ពោធដាក់ឲ្យអនុវត្តគម្រោងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅភូមិតានន ស្រុកបាទី ខេត្តតាកែវ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦០ ខាងត្បូងនៃរាជធានីភ្នំពេញ។ ចាប់តាំងពីថ្ងៃសម្ពោធដាក់ឲ្យអនុវត្តគម្រោងរហូតមកដល់បច្ចុប្បន្ននេះ ភូមិគំរូមិត្តភាពចិន-កម្ពុជា មានការកសាងផ្លូវថ្នល់ ផ្គត់ផ្គង់ទឹកស្អាត កែលម្អស្ថានភាពនៃវិស័យអប់រំ វិស័យសុខាភិបាល និងអភិវឌ្ឍគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ មានដូចជា៖ វិស័យចិញ្ចឹមសត្វ បង្កើតវគ្គបណ្តុះបណ្តាល បច្ចេកទេស កែលម្អបរិស្ថានសាធារណៈក្នុងភូមិជាដើម។ បច្ចុប្បន្នភូមិគំរូនេះមានប្រជាជនរស់នៅសរុបចំនួន ១២៥គ្រួសារ។
ប្រភព៖នាយកដ្ឋានព័ត៌មាន