khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទទួលជួបគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅព្រះរាជាណាចក្រកម្ពុជា។
    ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុនទៀតថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
    ក្នុងឱកាសនោះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅនាពេលនេះ។ ឧត្តមនាវីឯកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងនៃប្រទេសទាំងពីរឲ្យរឹតតែជិតស្និតបន្ថែមទៀត។
    ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការងារប្រឆាំងអំពើពុករលួយ។ ឧត្តមនាវីឯក សង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅលើវិស័យនេះ។
    ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ មានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និត មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនតែងតែងមានការពឹកពាក់យកសារគ្នាទៅវិញទៅមក តាំងពីយូលង់ណាស់មកហើយ។ ជាមួយគ្នានេះ ប្រទេសទាំងពីរជាប្រទេសសមាជិកអាស៊ាន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ប្រៀបដូចគ្រួសារតែមួយ។ ក្នុងនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសន្តិសុខ ជូនប្រទេសជាតិ ដែលជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់យោធិនពលីនូវភូមិភាគ៣
    thumbnail
     
    ឯកឧត្តម ឈួន ឡេង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋ