នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “ខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ អង្គពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) សហការជាមួយគណៈកម្មការទី១ នៃរដ្ឋសភាអង្គការការីតាសកម្ពុជា និងក្រុមហ៊ុនសាប៊ូក្លិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គណៈមេធាវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អង្គការដៃគូ អង្គការការីតាសកម្ពុជា ក្រុមហ៊ុនសាប៊ូក្លិន ក្រុមហ៊ុនសហការ ក្មួយៗកុមារកំព្រា កុមារពិការ ស្ត្រីងាយរងគ្រោះ និងអង្គការផ្ទះបាយកុមារ។ អង្គពិធីប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ ១ការឡើងថ្លែងបុព្វកថារដ្ឋធម្មនុញ្ញដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា ២-ទស្សនារបាំជូនពរសម្ដែងដោយក្រុមកុមារកំព្រា ពិការ នៃអង្គការការីតាសកម្ពុជា។ ៣-ការឡើងថ្លែងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។ ៤-ការឡើងថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈអធិបតី។ ៥-ទស្សនារបាំសម្ដែងដោយក្រុមជនជាតិដើមភាគតិច(របាំសាមគ្គី)។ ៦-ការឡើងចំណាប់អារម្មណ៍របស់តំណាងអង្គពិធី តំណាងស្ត្រី ១រូប និងតំណាងកុមារ ១រូប។ ៨-ទស្សនារបាំសម្តែងដោយក្រុមជនជាតិដើមភាគតិច(របាំដាំស្រូវ)។ ៩-ពិធីជូនប័ណ្ណថ្លែងអំណរគុណនិងជូនវត្ថុអនុស្សាវរីយ៍ដល់អង្គការដៃគូ សប្បុរសជនដែលចូលរួមឧបត្ថម្ភ និងពិធីចែកអំណោយដល់តំណាងក្រុមកុមារពិការ កុមារកំព្រា តំណាងស្ត្រី ក្រុមសិល្បៈ តំណាងជនជាតិដើមភាគតិច៕
ប្រភព៖នាយកដ្ឋានព័ត៌មាន