khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
    ទិវាដ៏សែនអាឡោះអាល័យនេះ គឺថ្ងៃគម្រប់ខួប១១ឆ្នាំ នៃការសោយទិវង្គតរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ឯករាជ្យជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ស្នាព្រះហស្តធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនបំភ្លេចបាននោះ គឺការយាងបំពេញ រាជបូជនីយកិច្ចយ៉ាងអង់អាច ក្លាហានក្នុងការទាមទារ និងដណ្តើមឯករាជ្យ សិទ្ធិ សេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីអាណានិគមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
    ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ បានសោយទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ