ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃសង្កាត់សួង សង្កាត់វិហារលួង ក្រុងសួង និងឃុំស្រឡប់ ឃុំជីគរ ឃុំអញ្ចើញ ឃុំជប់ ឃុំជីរោទ៍ទី២ និងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាក្រុង សួង និងនៅសាលាឃុំជប់ ដោយមានការអញ្ជើញចូលរួមពី ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធានក្រុមប្រឹក្សាស្រុក ក្រុង អភិបាលស្រុក ក្រុង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នាយប៉ុស្តិ៍នគបាលឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ប្រធានមណ្ឌលសុខភាព ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ សរុបចំនួន១០៥នាក់។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានជម្រាបជូនបន្ថែមដល់អង្គប្រជុំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភា នីតិកាលទី៥ ជាពិសេសការចុះជួបប្រាស្រ័យជាប្រចាំជាមួយអង្គបោះឆ្នោត និងប្រជាជន នៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។
ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមបានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន បន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ