
របៀបវារៈចាំបាច់ចំនួន៣ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើកយកមកប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី។ របៀបវារៈចាំបាច់ចំនួន៣នោះ មានជាអាទិ៍៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។
៣- កំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
៤- ផ្សេងៗ។
ក្រោយពីបានពិនិត្យ និងពិភាក្សាទៅតាមរបៀបវារៈនីមួយៗរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន