នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបូជាសពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ត្រូវជាម្តាយក្មេកឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករប្រកបដោយមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណព្រះអគ្គី៣ជុំព្រះមេរុហ៍ និងក្រុមគ្រួសារនៃសព ឡើងអានវិយោគកថា និងជីវប្រវត្តិរបស់
ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ដោយឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
ជាកិច្ចចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ភ្លើងបូជាសពឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ព្រមទាំងការគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតរបស់ ឯកឧត្តម ឡាយ សំកុល ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យសព ចាប់ពីថ្ងៃចាប់ផ្តើមរហូតពិធីបុណ្យបានបញ្ចប់សព្វគ្រប់ ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងព្រះពុទ្ធសាសនា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន