ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
 
ចែករំលែក ៖

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្រោមមូលបទ«ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។
ឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យមានការគោរពបទដ្ឋានមនុស្សធម៌សកល ដោយបញ្ជាក់ថា “រង្វាស់ពិតប្រាកដនៃប្រជាជាតិមួយ… គឺស្ថិតនៅលើការគោរពអនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីថ្លៃថ្នូររបស់មនុស្សខណៈដែលកំពុងរងការរំលោភបំពាន”។
ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។
ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។
ឯកឧត្តមបានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ “មានភាពផុយស្រួយ”។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ហើយទាហានកម្ពុជា ១៨ នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។ ឯកឧត្តមបានលើកឡើងអំពី “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។
ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់នានា ឯកឧត្តម អនុប្រធានទី១ បានច្រានចោលការអះអាងអំពី “ការធ្វើយោធូបនីយកម្ម” តំបន់បេតិកភណ្ឌពិភពលោក ថា “គ្មានមូលដ្ឋានទាល់តែសោះ” ដោយបញ្ជាក់ថា កម្ពុជាការពារប្រាសាទព្រះវិហារ “មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់” “ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល”។ ឯកឧត្តមបានបន្ថែមថា ”ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតា នោះទេ” ។ ឯកឧត្តម ក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា “ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង” ដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជាដែលបាន “បំផ្លាញគ្រាប់មីនជាងបីលានគ្រាប់” និងជា “អ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា” ។
ឯកឧត្តមអនុប្រធានទី១ បានអះអាងនូវជំហរ “ឥតងាករេ” របស់កម្ពុជា ដែលជឿជាក់ថា “ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។ ឯកឧត្តមបានបញ្ចប់ដោយសារយ៉ាងច្បាស់លាស់ថា “បទដ្ឋានមនុស្សធម៌ មិនអាចចរចាបានទេ។ សកម្មភាពមនុស្សធម៌ មិនត្រូវរងការរារាំងជាដាច់ខាត ហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត” ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ