ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នីតិកាលទី៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ ឯកឧត្តម ឌី បញ្ញា ជាអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានរំលឹកថា ជាការចាប់ផ្ដើមនៃទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា,  សម្តេចប្រធាន បានដាក់ចេញនូវអាទិភាពយុទ្ធសាស្រ្តពីរ ក្នុងចំណោមអាទិភាពទាំងឡាយរបស់ព្រឹទ្ធសភា គឺ  អាទិភាពចម្បងទី១៖ ការលើកកម្ពស់ការទូតសភា ដើម្បីចូលរួមបំពេញបន្ថែមលើសកម្មភាពដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ និងសកលលោក និងអាទិភាពចម្បងទី២៖  ការរួមប្រាស្រ័យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបន្តរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បាន សម្ដែងការកោតសរសើរចំពោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដោយសម្រេចបានសមិទ្ធការងារសំខាន់ៗជាច្រើន ក្នុងរយៈពេល ១៩ ខែកន្លងមកនេះ  ជាពិសេសការងារអភិវឌ្ឍន៍ស្ថាប័ន  ការងារកំណែទម្រង់ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាក្នុងការបំពេញមុខងារ។
ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាទាំងអស់ សូមបន្តការខិតខំបំពេញការងារ គោរពច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង វិន័យ និង
ក្រមសីលធម៌មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងជំរុញសាមគ្គីភាព និងកិច្ចសហការល្អក្នុងការងារ សំដៅរួមចំណែកក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ និងសមាជិក-សមាជិការព្រឹទ្ធសភាឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ