









ដើម្បីពង្រឹងពង្រីកការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្រុមសមាជិកាព្រឹទ្ធសភា រួមមាន លោកជំទាវ មាន សំអាន ប្រធានក្រុម លោកជំទាវ ចឹក ហេង និងលោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុម បានអញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីក្នុងក្រុងក្រចេះ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នួល ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សរុបចំនួន៨០រូប នាព្រឹកថ្ងៃទី៩ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយក្តីនឹករលឹក។
គោលបំណងនៃការចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីនាពេលនេះ គឺផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ព្រមទាំងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។
លោកជំទាវប្រធានក្រុម បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវប្រធានក្រុម បានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តន៍នូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងមក ព្រមទាំងបានផ្តល់ជូនដបទឹករក្សាកំដៅ១ និងថវិកាមួយចំនួន…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន