









នារសៀលថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៃស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែនស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល័្លង្គ ស្រុកស្ទោង និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាស្រុកកំពង់ស្វាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន៩២នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ប្រកបដោយក្តីនឹករលឹក។ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន