











ក្នុងពិធីសំណេះសំណាលជាមួយសមាជិក៩៩នាក់ នៃក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានផ្តល់យោបល់ថា គ្រប់មូលដ្ឋានក្នុងរាជាធានីភ្នំពេញ ត្រូវប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ ដែលកិច្ចការអាទិភាពចំពោះមុខគឺការរៀបចំសណ្ដាប់ធ្នាប់ក្រុង និងគ្រប់គ្រងយ៉ាងណាកុំឱ្យមានការឆបោកតាមអនឡាញ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរ ខណ្ឌទួលគោកដែលមានសុវត្ថិភាព ផ្លូវធំទូលាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ ធ្វើឱ្យតំបន់នេះពេញនិយមសម្រាប់ការរស់នៅ ធ្វើការ និងអាជីវកម្ម ដែលធ្វើឱ្យកើតមាននូវភូមិគ្រឹះ សាលារៀន មន្ទីរពេទ្យ អាហារដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ដូចជាខុនដូ អគារការិយាល័យ ជាដើម។ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអាជ្ញាធរខណ្ឌទួលគោក ឱ្យបន្តខិតខំថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងលុបបំបាត់ការឆបោកតាមអនឡាញ ដើម្បីភាពសុខសាន្តរបស់ប្រជាជន ទាក់ទាញអ្នកវិនិយោគ និងទេសចរ។ មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា សុខសន្តិភាព ការទាក់ទាញទេសចរ និងការវិនិយោគ គឺជាអ្វីដែលប្រទេសយើង និងប្រជាជនយើងប្រាថ្នាចង់បាន។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន