ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចាប់ពីប្រធាននាយកដ្ឋានឡើង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា តាមរយៈការសាងសង់ វិមានសាមគ្គីភាព ព្រឹទ្ធសភាបានក្លាយជាមជ្ឈមណ្ឌលជាតិដ៏សំខាន់មួយក្នុងការរៀបចំព្រឹត្តិការណ៍ធំៗរបស់ជាតិ ព្រមទាំងបានកោតសរសើរ និងមានមោទនភាពចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់សេវាជូនថ្នាក់ដឹកនាំព្រឹទ្ធសភាបានទាន់ពេលវេលា រួមមានការរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ការរៀបចំទទួលបដិសណ្ឋារកិច្ចឯកឧត្កមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់មុខមាត់ និងមោទនភាពរបស់ស្ថាប័ន និងជាតិ។
ចំពោះទិសដៅការងារនាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការ បានណែនាំទៅអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ ធ្វើបច្ចុប្បន្នសមាសភាពក្រុមអ្នកនាំពាក្យព្រឹទ្ធសភា និងក្រុមមិត្តភាពនានា ដែលទាក់ទងនឹងការជ្រើសតាំងប្រធានគណៈកម្មការទី៥ថ្មីរបស់ព្រឹទ្ធសភា ព្រមទាំងណែនាំឱ្យអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ ពិនិត្យកែសម្រួល សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងវិភាគព្រឹត្តិការណ៍តំបន់និងអន្តរជាតិនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ចំពោះកិច្ចការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា នាពេលខាងមុខនេះ ថ្នាក់ដឹកនាំព្រឹទ្ធសភានឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភា IPU នៅសាធារណរដ្ឋតួកគីយ៉េ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង APF និងកិច្ចប្រជុំ«សន្និសីទប្រធានសភានៃអន្តរសភា» ដែលនឹងប្រព្រឹត្តនៅអំឡុងខែសីហា ឬកញ្ញា ២០២៦ ខាងមុខនេះ ដោយមានប្រទេសជាង៤៥ចូលរួម។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ឺរ៉ុបនាពេលឆាប់ៗខាងមុខនេះ ផងដែរ។
ឯកឧត្តមអគ្គលេខាធិការ បានបន្តជំរុញឱ្យក្រុមការងារបច្ចេកវិទ្យាព័ត៌មានរៀបចំគេហទំព័រព្រឹទ្ធសភាឱ្យកាន់តែមានភាពទាក់ទាញ និងការសាងសង់ សាលារៀន១ខ្នង ៥បន្ទប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា។ តាមរយៈគំនិតផ្តួចផ្តើមនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានឹងរៀបចំសេចក្តីជូនដំណឹង ដើម្បីមន្រ្តីបុគ្គលិកអាចចូលរួមចំណែកជាវិភាគទាន តាមសទ្ធារៀងៗខ្លួន។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ  និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន៕

 ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ