ឯកឧត្តម អ៊ុច បូររិទ្ធ បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជូ បុង (Park Joo Bong) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជូ បុង (Park Joo Bong) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ទីក្រុង Incheon និងជាអគ្គនាយកក្រុមហ៊ុន Daejoo KC Group និងជាទីប្រឹក្សាឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានជម្រាបជូនពីគោលនយោបាយសន្តិភាព និងអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបានសម្តែងអំណរគុណចំពោះ ឯកឧត្តម ផាក ជូ បុង ដែលបាននឹងកំពុងខិតខំកៀងគរវិនិយោគិននៃសាធារណរដ្ឋកូរ៉េ ឱ្យមកចូលរួមវិនិយោគនៅកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ផាក ជូ បុង បានបញ្ជាក់ថាទន្ទឹមនឹងការខិតខំពង្រីកវិស័យវិនិយោគរវាងប្រទេសទាំងពីរ ឯកឧត្តម ក៏បានខិតខំផ្សព្វផ្សាយនៅសាធារណរដ្ឋកូរ៉េពីសភាពការណ៍ពិត សក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជា ជាក់ស្តែងនៅក្នុងដំណើរទស្សនកិច្ចលើកនេះ ឯកឧត្តម បានអញ្ជើញ លោកស្រី គិម មី អាអ៊ី (Kim Mi Ae) អគ្គនាយកទូរទស្សន៍ OBS Gyeongin ដែលជាស្ថានីយ៍ទូរទស្សន៍ដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េមកជាមួយផងដែរ។ ឯកឧត្តម ផាក ជូ បុង បានបន្ថែមថា តាមរយៈស្ថានីយ៍ទូរទស្សន៍ដ៏ធំនេះ ឯកឧត្តម សង្ឃឹមថាវិស័យទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនថែមទៀតជាក់ជាពុំខាន។

ឯកឧត្តម ផាក ជូ បុង ក៏បានជូនព័ត៌មានផងដែរថានៅក្នុងខែមីនា ខាងមុខនេះ ឯកឧត្តម នឹងដឹកនាំគណៈប្រតិភូវិនិយោគិនមកកម្ពុជា រួមជាមួយនិងអ្នកសារព័ត៌មាន និងទូរទស្សន៍ធំៗ ចំនួនបី មកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត ហើយ ឯកឧត្តម ក៏កំពុងសហការរៀបចំដំណើរទស្សនកិច្ចគណៈប្រតិភូសភាពាណិជ្ចកម្ម និងវិនិយោគកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកម្មវិធីបង្ហាញផ្លូវវិនិយោគ (Investment Road Show) នៅសាធារណរដ្ឋកូរ៉េផងដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ