ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
 
ចែករំលែក ៖

កាលពីថ្ងៃអង្គារ ទី២៤ ដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរយុទ្ធជនឈរជើងនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា (ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤។
ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពនៅគ្រប់ទីកន្លែង ឯកឧត្តមអនុប្រធានទី១ ព្រឺទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការនឹករឮក និងការសាកសួរសុខទុក្ខ ព្រមទាំងសព្វសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តូរផ្តាច់ការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា។
ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមបណ្តោយព្រំដែន សូមប្រកបតែសុខភាពល្អ និងទទួលបានជ័យជម្នះលើពួកឈ្លានពាន។
ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ការឈឺចាប់ ដែលបង្កឡើងដោយការរំលោភបំពានយ៉ាងឃោរឃៅរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា មិនបានធ្វើឱ្យប្រជាជាតិយើងចុះទន់ខ្សោយនោះទេ ផ្ទុយទៅវិញ ទង្វើទាំងនេះបានដុតបញ្ឆេះនូវសន្ទុះសាមគ្គីភាពយ៉ាងខ្លាំងក្លា និងឯកភាពជាតិដ៏រឹងមាំដែលមិនអាចរង្គោះរង្គើបាន នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចធិបតី។ សាមគ្គីភាពនេះ ដែលកើតចេញពីជម្រៅទឹកចិត្ត និងមិនងាករេ មិនត្រឹមតែជាខែលការពាររបស់ប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពជាតិដ៏អស្ចារ្យបំផុត ក្នុងនាមជាប្រជាជាតិអធិបតេយ្យមួយ ដែលប្តេជ្ញាការពារទឹកដី មរតក និងអនាគតរបស់ខ្លួន។
ជាមួយនឹងវត្តមានដ៏ថ្លៃថ្លារបស់ព្រះអង្គ ជាមួយឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា និងសហការី នៅក្នុងឱកាសសំណេះសំណាលជាមួយវីរកងទ័ពឈរជើងនៅទិសខេត្តព្រះវិហារ យោធភូមិភាគទី៤ និងថ្មដា ខេត្តពោធិ៍សាត់ ព្រះធម្ម វនវាសី ចន្ទ មុនី បាននិមន្តប្រោសព្រំ និងប្រសិទ្ធពរជ័យជូនដល់វីរយុទ្ធជន ព្រមទាំងចូលរួមចែកអំណោយដល់គ្រួសារវីរយុទ្ធជនផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ