ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែខែកុម្ភៈ-មីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦់
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែកុម្ភៈ-មីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចាប់ពីប្រធាននាយកដ្ឋានឡើង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១-ការបន្តផ្តល់សេវាជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា លើមុខងារនីតិកម្ម រួមមានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងការបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នាពេលខាងមុខ និងការរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំព្រឹទ្ធសភា។
២-បន្តសម្របសម្រួលអញ្ជើញតំណាងរាជរដ្ឋាភិបាល ធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងកិច្ចការសំខាន់ៗដែលជាផលប្រយោជន៍របស់ប្រទេសជាតិ។
៣-រៀបចំការចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រួមមាន ការអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា នៅតាមបណ្តាខេត្តក្រុងនានា។
៤-ការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានៅក្រៅប្រទេស និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ។
៥-ការកែសម្រួលនីតិវិធីនៃការវាយតម្លៃការដំឡើងថ្នាក់ជូនមន្ត្រីរាជការ ដោយផ្តោតលើគុណភាពការងារ ការឆ្លើយតប និងការចូលរួមអភិវឌ្ឍស្ថាប័ន។ ចំណុចទាំងអស់ គឺជាចលករជំរុញឱ្យមន្ត្រីរាជការបន្តអភិវឌ្ឍសមត្ថភាព មានការទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មក្នុងការចូលរួមអភិវឌ្ឍស្ថាប័នកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមអគ្គលេខាធិការ ក៏បានណែនាំដល់ប្រធានអង្គភាពនិងថ្នាក់ដឹកនាំដែលមានភារកិច្ចក្នុងវាយតម្លៃនេះ ត្រូវធ្វើការវាយតម្លៃដោយឈរលើគោលការណ៍សុក្រឹត្យភាព យុត្តិធម៌ និងមិនលម្អៀង។
ស្របពេលជាមួយគ្នានេះ ស្ថិតក្នុងបរិកាណ៍នៃវិបត្តិថាមពលប្រេងឥន្ទនៈកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកទាំងអស់ ចូលរួមអនុវត្តវិធានការសន្សំសំចៃក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ប្រេងឥន្ធនៈ និងការប្រើប្រាស់ធនធាន សម្ភារៈផ្សេងៗ ជាពិសេសលើកទឹកចិត្តការចូលរួមកិច្ចប្រជុំនានាទាំងក្នុង និងក្រៅប្រទេសតាមរយៈអនឡានឱ្យបានច្រើនដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការចំណាយថវិកាចូលរួម ដែលជាវិធានការទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិសកល សម្រាប់រយៈពេលយូរអង្វែង ។
នៅទីបញ្ចប់ ឯកឧត្តមបានជូនពរឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ សូមមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ