ព្រឹទ្ធសភាប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
 
ចែករំលែក ៖

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ពិធីសូត្រមន្តរៀបចំឡើងដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០។

ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងវេរប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងវីរយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ។

បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិ នៅខាងមុខវិមានសាមគ្គីភាព។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ដល់១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម។ សង្រ្កាន្តឆ្នាំថ្មីនេះ នឹងចូលដល់នាវេលាម៉ោង ១០:៤៨ នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ