









នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងនាមឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកសិក្ខាសាលា នៃសភាប្រើភាសាបារាំងស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បិនិម្មិតនៅក្នុងសភា” ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១៣០រូប ដែលក្នុងនោះរួមមានសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំង មកពី ១៥ ប្រទេស និងអង្គការ ហ្រ្វង់កូហ្វូនី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំង រួមទាំងវាគ្មិន អង្គទូត ក្រសួង/ស្ថាប័នរដ្ឋ និងសហគមន៍ប្រើភាសាបារាំង។
ឯកឧត្តម ខេង សិទ្ធិគុណ បានបញ្ជាក់ថា នេះជាឱកាសដំបូងដែលសភាកម្ពុជាបានសហការជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី រៀបចំសិក្ខាសាលានាពេលនេះ និងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈ និងគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅលើទឹកដីខេត្តសៀមរាប ដែលជាបេះដូង នៃវប្បធម៌ដ៏សម្បូរបែប និងជាដែនដីបេតិកភ័ណ្ឌដ៏រុងរឿងមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសភាកម្ពុជា និងសភាប្រើភាសាបារាំង ជាច្រើនឆ្នាំកន្លងមកនេះ ក្នុងការរៀបចំសិក្ខាសាលាក្របខ័ណ្ឌសភាជាច្រើនលើកលើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ថវិកាជាតិ ការទូតសភា ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតាមជនបទ វិធីសាស្រ្តសម្របសម្រួលក្នុងកិច្ចការសភា និងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជាជាដើម ដែលសុទ្ធសឹងតែជាប្រធានបទដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ននីតិប្បញ្ញតិ្ត។
ស្របតាមគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកពីសភានានាក្នុងលំហហ្រ្វង់កូហ្វូនី ជូនសមាជិក សមាជិកាសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានសភាកម្ពុជា ឯកឧត្តម អគ្គលេខាធិការរង បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរការងារប្រពៃណីឲ្យកាន់តែងាយស្រួល និងរហ័ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងតម្លាភាព និងប្រជាធិបតេយ្យ ក្នុងស្ថាប័នសភា ប៉ុន្តែក៏មានហានិភ័យដែលមិនអាចប្រកែកបាន ហើយការណ៍នេះ ទាមទារឱ្យយើងមានការគិតគូររួមគ្នា និងទទួលខុសត្រូវខ្ពស់ជាងមុន លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ព្រមទាំងធ្វើបរិវត្តកម្ម និងកំណត់បទដ្ឋានគតិយុត្ត សម្រាប់បច្ចេកវិទ្យានេះ ឱ្យបានសមស្រប ប្រកបដោយនវានុវត្តន៍ និងបរិយាបន្ន។
ឯកឧត្តម ខេង សិទ្ធិគុណ បានថ្លែងអំណរគុណចំពោះការរួមកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានគាំទ្រការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងជូនពរសិក្ខាសាលាទាំងមូលទទួលបានជោគជ័យ។
ខ្លឹមសារ៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន