






នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឈន ឈុនឡេងស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន E- School Cambodia វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា និងគណៈប្រតិភូ។ ជំនួបពិភាក្សាការងារនាឱកាសនោះ ក៏ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា រួមជាមួយ លោក Kim Young Man តំណាងក្រុមហ៊ុន FirsMate Co.,Ltd ស្ថិតនៅសាលប្រជុំ គណៈកម្មការទី១០ ព្រឹទ្ធសភា។
នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ លោក ឈន ឈុនឡេង និងគណៈប្រតិភូ ដែលកន្លងមកបានផ្តល់កុំព្យូទ័រយួរដៃដល់ប្រធានក្រុមប្រឹក្សាសង្កាត់ទូទាំងរាជធានីភ្នំពេញ និងបានផ្តល់អាហាររូបករណ៍១០០ភាគរយដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីនិងយុវជន យុវនារីនៅតាមមូលដ្ឋានប្រមាណជាង ៤០០នាក់ សម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថល ស្របតាមស្មារតីអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា និងវិទ្យាស្ថានបញ្ញាឌីជីថល។
ខ្លឹមសារ៖ គណៈកម្មការទី១០ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន