







នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា រួមជាមួយតំណាងស្ថានទូតនៃប្រទេសចិន ឥណ្ឌូណេស៊ី ឡាវ វៀតណាម និងជប៉ុន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពជាក់ស្ដែងនូវការខូចខាតផ្ទះសម្បែង សាលារៀន និងវត្តអារាម នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូ បានពិនិត្យឃើញនូវការរំលោភបំពានដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ដែលបានមកដំឡើងទូកុងតឺន័រ និងដាក់ពង្រាយរបងបន្លាលួសលើទឹកដីកម្ពុជា ដែលនេះគឺជាការបង្ហាញជូនដល់តំណាងអង្គទូតនានានូវការពិត និងផលប៉ះពាល់លើជីវភាព ក៏ដូចជាសន្តិសុខរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីជំហររបស់កម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនានា។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន