គណៈកម្មការទី៨ព្រឹទ្ធសភា លើកទឹកចិត្តឱ្យស្ត្រីបន្តពង្រឹងសាមគ្គីភាព និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីថែរក្សាសន្តិភាព
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយក្រុមការងារចលនាស្ត្រីខេត្តតាកែវ ដែលដឹកនាំដោយលោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចឈ្វេងយល់ពីព្រឹទ្ធសភាកម្ពុជា។

ក្នុងបរិយាកាសដ៏រីករាយរាក់ទាក់នេះ លោកជំទាវប្រធានគណៈកម្មការទី៨ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំជាស្ត្រី និងក្រុមចលនាស្ត្រី ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមគ្រប់សកម្មភាពសង្គម ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការងារមនុស្សធម៌ និងការជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកជំទាវ បានជម្រាបជូនអង្គពិធីអំពីសាវតា រចនាសម្ព័ន្ធ និងមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា រួមមានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងអាទិភាពចម្បងពីរនៃព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកជំទាវក៏បានចែករំលែកអំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព។
ជាចុងក្រោយ លោកជំទាវប្រធាន បានបំផុសស្មារតីស្ត្រីឱ្យមានភាពក្លាហាន ពង្រឹងសមត្ថភាព និងចំណេះដឹង ដើម្បីចូលរួមបំពេញតួនាទីដ៏សំខាន់នៅក្នុងសង្គម ពីព្រោះសម្តេចតេជោតែងតែចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ លោកជំទាវបានលើកទឹកចិត្តឱ្យក្រុមស្ត្រីបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីការពារសុខសន្តិភាព និងទប់ស្កាត់មិនឱ្យមានសង្គ្រាម ព្រមទាំងត្រូវបន្តចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា អំពើហិង្សា និងយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារវីរយុទ្ធជនពលី និងយុទ្ធជនដែលកំពុងឈរជើងការពារព្រំដែនជួរមុខផងដែរ។
ក្រោយបញ្ចប់ពិធីសំណេះសំណាល និងទស្សនាវីដេអូវឌ្ឍនភាពការងារ លោកជំទាវប្រធាន និងប្រតិភូក្រុមការងារចលនាស្ត្រីខេត្តតាកែវ បានអញ្ជើញទស្សនាអគារវិមានសាមគ្គីភាព និងសាលប្រជុំពេញអង្គព្រឹទ្ធសភា ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ