មន្ត្រីសង្ឃ មន្រ្តីរាជការ និងនិស្សិតពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ជួបសម្តែងការគួរសម និងទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថាប័នព្រឹទ្ធសភា
 
ចែករំលែក ៖

ដើម្បីពង្រីកចំណេះដឹងផ្នែកច្បាប់ និងយល់ដឹងកាន់តែច្បាស់អំពីស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ គណៈប្រតិភូជាមន្ត្រីសង្ឃ មន្ត្រីរាជការ សមណនិស្សិត និងនិស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ចំនួន ៥០អង្គ/នាក់ បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដ៏មានសារៈសំខាន់នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពីប្រវត្តិ រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចស្នូលរបស់ព្រឹទ្ធសភា ក្នុងគោលបំណងបណ្តុះស្មារតីយល់ដឹង និងការចូលរួមរបស់ស្រទាប់យុវជនក្នុងកិច្ចការសង្គម។
នៅក្នុងបទបង្ហាញ ឯកឧត្តម ម៉ាន់ ឈឿន បានពន្យល់ពីសាវតារនៃការកកើតព្រឹទ្ធសភា ដែលបានចាប់បដិសន្ធិនីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ តាមរយៈការចាត់តាំង។ ចាប់ពីនីតិកាលទី២ មក ព្រឹទ្ធសភាត្រូវបានជ្រើសតាំងឡើងតាមរយៈការបោះឆ្នោតអសកល មិនចំពោះ និងជាសម្ងាត់ ដោយមានអាណត្តិការងាររយៈពេល ៦ឆ្នាំ។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃរដ្ឋសភាទាំងមូល ដែលក្នុងនោះ ២រូបចាត់តាំងដោយព្រះមហាក្សត្រ, ២រូបជ្រើសតាំងដោយរដ្ឋសភា និង ៥៨រូបទៀត ជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលពីអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
ស្ថាប័នកំពូលមួយនេះ បំពេញតួនាទីនយោបាយយ៉ាងសំខាន់ជាអ្នកសម្របសម្រួលរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយនានាជាយថាហេតុ។ លើសពីនេះ ព្រឹទ្ធសភាជាតំណាង និងជាអ្នកការពារផលប្រយោជន៍ដ៏ពិតប្រាកដរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងដើរតួជាអ្នកត្រួតពិនិត្យតុល្យភាពអំណាចរដ្ឋ ធានាឱ្យរាល់ការសម្រេចចិត្ត និងការតាក់តែងច្បាប់ឆ្លុះបញ្ចាំងពីគុណតម្លៃ បំណងប្រាថ្នារបស់សង្គមជាតិទាំងមូល។
បច្ចុប្បន្ន ព្រឹទ្ធសភានីតិកាលទី៥ ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា អមដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២។ ក្រោមមគ្គុទ្ទេសក៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ការងារអាទិភាពចម្បងៗចំនួន២ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ គឺទីមួយ ការពង្រឹងទំនាក់ទំនងអន្តរជាតិតាមរយៈ «ការទូតសភា» និងទីពីរ «ការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតនៅមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្ទាល់»។
ទន្ទឹមនឹងការចែករំលែកចំណេះដឹងច្បាប់ ឯកឧត្តម ម៉ាន់ ឈឿន បានសង្កត់ធ្ងន់លើតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព» និងបានដាស់តឿនដល់សមណនិស្សិត និងនិស្សិតទាំងអស់ ឱ្យរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីជាគ្រឹះនៃការអភិវឌ្ឍជាតិ។ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមប្រព័ន្ធអនឡាញ និងត្រូវខិតខំសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យទាន់សម័យកាល។
ជាកិច្ចបញ្ចប់នៃកម្មវិធី គណៈប្រតិភូក៏បានស្តាប់ការធ្វើបទបង្ហាញស្តីពីដំណើរការនីតិកម្មដោយលោក សុខ សុជាតិ ប្រធានក្រុមស្រាវជ្រាវទូទៅ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងរចនាសម្ព័ន្ធការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មុននឹងឈានដល់ការនិមន្តនិងអញ្ជើញទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា ព្រមទាំងអគារប្រវត្តិសាស្ត្រនានា ប្រកបដោយបរិយាកាសរីករាយ និងទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ