






ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ឱ្យបង្កើនការដាក់បញ្ចូលសមាសភាពស្ត្រី និងយុវជន ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ក្នុងលំដាប់លេខរៀងដែលអាចជាប់ឆ្នោតបាន។
ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំប្រាសាទសំបូរណ៍ និងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រួមជាមួយតំណាងអង្គទូតជប៉ុន វៀតណាម និងឡាវ ក៏បាននាំមកនូវការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់អង្គព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចតេជោប្រមុខរដ្ឋស្តីទី ជូនដល់បងប្អូនជនរួមជាតិទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការចែកចាយពូជដំណាំទូទាំងប្រទេស ដើម្បីជំរុញការផលិតសម្រាប់នាំចេញ និងផ្គត់ផ្គង់តំបន់ទេសចរណ៍ ជាពិសេសការសាកល្បងដាំកាកាវ និងដំណាំរួមផ្សំដែលមានតម្លៃបន្ថែមជាច្រើនទៀត។ ឯកឧត្តមបញ្ជាក់ថា ការខឹងឬស្អប់អ្នកឈ្លានពានដែលមានប្រសិទ្ធភាពបំផុត គឺការបង្កើនសមត្ថភាពខ្លួនឯង ខំរៀន ខំផលិត និងហូបតែចំណីអាហារសុវត្ថិភាពដែលដាំដុះក្នុងស្រុក។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិតបានចែកជូនពូជដំណាំ សម្ភារៈ និងថវិកា ដល់រដ្ឋបាលឃុំ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព។ ការចុះផ្ទាល់នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះសុខទុក្ខ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន