






នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អមដំណើរដោយមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ផេង វិត មន្ត្រីបម្រើការងារការពារក្នុងវិមានព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១:០០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ឯកឧត្តមអគ្គលេខាធិការរង បានចូលរួមរំលែកទុក្ខជាមួយលោកស្រី ទួន សុទ្ធី ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់លោកអនុសេនីយ៍ឯក ផេង វិត ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបីបាច់និងអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ មរណភាព លោកអនុសេនីយ៍ឯក ផេង វិត ក៏ជាការបាត់បង់នូវអតីតមិត្តរួមការងារដ៏សកម្មបំផុត និងជាការបាត់បង់ពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ចូលរួមចំណែកក្នុងការងារសង្គម មនុស្សធម៌និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
សពលោកអនុសេនីយ៍ឯក ផេង វិត ត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តអង្គមេត្រី សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន