លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក
 
ចែករំលែក ៖

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីប្រគល់-ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះប្រព្រឹត្តទៅ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមពី សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។

បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ