ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា ការលើកផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ នឹងបន្តជួយលើកកម្ពស់ប្រសិទ្ធភាពការងារ
 
ចែករំលែក ៖

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខុទ្ទកាល័យ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លើកឡើងថាការលើកផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ នឹងបន្តជួយលើកកម្ពស់ប្រសិទ្ធភាពការងារ។

ឯកឧត្តមបណ្ឌិត បានជំរុញឱ្យបន្តសកម្មភាពគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកជារៀងរហូតតាមរយៈ ការសម្របសម្រួល ការសហការ និងការពន្យល់លើកទឹកចិត្តបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរផ្គត់ផ្គង់លើទីផ្សារគ្រប់តាមតម្រូវការរបស់អ្នកប្រើប្រាស់។ បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យខិតខំស្រាវជ្រាវ និងសរសេរគោលនយោបាយសេដ្ឋកិច្ចសាមគ្គី ជាពិសេសផ្តោតលើសេដ្ឋកិច្ចព្រំដែន ដែលអាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលរងគ្រោះដោយសារជម្លោះព្រំដែនដោយសារទាហានឈ្លានពានថៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់សមាជិកខុទ្ទកាល័យ និងទីប្រឹក្សាប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦។

កិច្ចប្រជុំប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ