ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

អំណោយនាំយកប្រគល់ជូននាឱកាសនោះ រួមមាន សម្លៀកបំពាក់រដូវរងា និងឱសថ ស្មើនឹងទឹកប្រាក់ប្រហែល ១,២០៦,៤៩០.៧២ដុល្លារ (មួយលានពីរសែនប្រាំមួយពាន់បួនរយកៅសិបនិងចិតសិបពីរសេនដុល្លារសហរដ្ឋអាមេរិក) ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍក្នុងវិស័យសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាពប្រជាជនខ្សត់ខ្សោយ ជនងាយរងគ្រោះគ្រប់រូប និងជនភៀសសឹកនៅខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ