












គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តកែប ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដើម្បីស្វែងយល់ការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ការអនុវត្តច្បាប់ បញ្ហាប្រឈម សំណូមពរ នៅសាលាខេត្តកែប នាព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកែប។
ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបពីតួនាទី ភារកិច្ចរបស់គណៈកម្មការ និងព្រឹទ្ធសភា ពិសេសនៅក្នុងនីតិកាលទី៥នេះ ដោយផ្តោតទៅលើការទូតសភា និងការចុះប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយក្រុមប្រឹក្សាឃុំសង្កាត់នៅតាមភូមិភាគ និងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបន្តអំពាវនាវឱ្យមានការគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី។
ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តទាំងអស់ដែលបានធ្វើសេចក្តីរាយការណ៍តាមរយៈរបាយការណ៍យ៉ាងក្បោះក្បាយពីការខិតខំដោះស្រាយបញ្ហានានា ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍវឌ្ឍនខេត្តមានការរីកចម្រើនគួរជាទីមោទន។ ព្រមជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់អាជ្ញាធរខេត្ត និងមន្ទីរអង្គភាពជំនាញទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង តាមរយ:ការពង្រឹងការផ្តល់សេវាសាធារណ: ពង្រឹងអភិបាលកិច្ច ដើម្បីឱ្យខេត្តកាន់តែមានការអភិវឌ្ឍរីកចម្រើន ថែមទៀត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន