











ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីក្នុងស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សរុបចំនួន៣៥រូប នារសៀលថ្ងៃទី៩ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសំបូរ ខេត្តក្រចេះ លោកជំទាវ មាន សំអាន ប្រធានក្រុមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាឃុំ ប្រកបដោយក្តីនឹករលឹក។
លោកជំទាវប្រធានក្រុម ក៏បានជម្រាបពីគោលបំណងនៃការចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការ សកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងដើម្បីពង្រឹងពង្រីកការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ចឹក ហេង និងលោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានមន្ទីកិច្ចការនារីខេត្ត និងអភិបាលរង នៃគណៈអភិបាលស្រុកសំបូរ ខេត្តក្រចេះ។
លោកជំទាវប្រធានក្រុម បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំសូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំបានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។ លោកជំទាវបានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ ស្រុក បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងមក និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធកងទ័ពយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ។
បន្ទាប់មកលោកជំទាវប្រធានក្រុម បានជូនដបទឹករក្សាកំដៅ១ និងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភកុំព្យូទ័រ(Laptop) ចំនួន១គ្រឿងដល់លោកស្រី ហ៊ា សារ៉ាយ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសណ្តាន់ ស្រុកសំបូរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន