ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃ ឯកឧត្តម ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានដឹកនាំគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃ ឯកឧត្តម ក្រូច ផាន អតីតប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងជាអតីតជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវជាស្វាមីរបស់លោកជំទាវ ឈូន ចាន់ដា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២១:៤៧ នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវពាក្យចូលរួមរំលែកទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកជំទាវព្រមទាំងក្រុមគ្រួសារនៃសព។ ក្នុងពេលនោះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវមនោសញ្ចេតនារំលែកទុក្ខជាមួយក្រុមគ្រួសារសព និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ក្រូច ផាន បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ