











ក្នុងអំឡុងពេលបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ នាថ្ងៃត្រង់ថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អមដំណើរដោយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកស្រី ចូ ឆាយហ័រ នាយកផលិតកម្ម តំណាងរោងចក្រអារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក (Aroma Success Garment Co.,Ltd) ដែលស្ថិតនៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់ផលិតកម្មវាយនភ័ណ្ឌកាត់ដេរ លក្ខខណ្ឌការងារ បច្ចេកទេសផលិត និងសុខសុវត្ថិភាពកម្មករនិយោជិត។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានថ្លែងនូវការកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ដើរតួនាទីជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសដែលជំរុញកំណើនសេដ្ឋកិច្ច ដែលផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជាច្រើននាក់នៅទូទាំងប្រទេស។
បន្ទាប់មក គណៈប្រតិភូក៏បានបន្តអញ្ជើញទស្សនកិច្ចឈ្វេងយល់ពីវឌ្ឍនភាពការងារ និងជួបសំណេះសំណាល ទទួលអាហារថ្ងៃត្រង់ជាមួយនិយោជក និងបងប្អូនកម្មករ និយោជិត ប្រកបដោយភាពរីករាយ និងស្និតស្នាលបំផុត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន