











គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មសិក្សា និងស្រាវជ្រាវក្នុងក្របខ័ណ្ឌ «វគ្គសិក្ខាសាលាស្តីពីការវិភាគគោលនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់កម្ពុជា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ រយៈពេល ១៦ថ្ងៃ នៅទីក្រុងប៉េកាំង និងទីក្រុងគុនមីញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញ និងការរៀបចំដោយបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិន (China National Academy of Governance)។
ក្នុងអំឡុងពេលបេសកកម្មនេះ គណៈប្រតិភូបានចូលរួមការបង្រៀនតាមប្រធានបទចំនួន ៨វគ្គ នៅទីក្រុងប៉េកាំង ដែលគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗ រួមមាន អភិបាលកិច្ចនៃកំណែទម្រង់ ការដឹកនាំមតិសាធារណៈក្នុងយុគសម័យឌីជីថល នីតិរដ្ឋ ការធ្វើផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។
ទន្ទឹមនេះ គណៈប្រតិភូក៏បានចុះទស្សនកិច្ចសិក្សាជាក់ស្តែង នៅមជ្ឈមណ្ឌលសេវាសាធារណៈឆ្លាតវៃខណ្ឌហ្វេងថាយ ឧទ្យានឧស្សាហកម្មបញ្ញាសិប្បនិម្មិតផានឡុង ព្រមទាំងបានសិក្សាពីបទពិសោធន៍នៃការការពារបរិស្ថាន ផ្សារភ្ជាប់នឹងការអភិវឌ្ឍជនបទ នៅបឹងហ្វូសៀន ក្រុងឈេងជាំង ខេត្តយូណាន ដែលជាគំរូនៃការរួមបញ្ចូលគ្នារវាងការអភិរក្សធនធានទឹក ការកាត់បន្ថយភាពក្រីក្រ និងទេសចរណ៍អេកូឡូស៊ី។
ក្នុងពិធីបិទវគ្គសិក្ខាសាលា តំណាងគណៈប្រតិភូទាំង ៥ក្រុម បានឡើងថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ពីមេរៀនស្នូលដែលគណៈប្រតិភូទទួលបានពីវគ្គសិក្សានេះ គឺ «ភាពស្របច្បាប់នៃអភិបាលកិច្ច កើតចេញពីលទ្ធផលការងារជាក់ស្តែង ដែលផ្តល់ជូនប្រជាពលរដ្ឋ»។ អភិបាលកិច្ចរបស់ប្រទេសនីមួយៗ មិនអាចចម្លងពីគំរូខាងក្រៅបានឡើយ ប៉ុន្តែត្រូវរីកលូតលាស់ចេញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងលក្ខណៈជាតិផ្ទាល់ខ្លួន ហើយកម្ពុជា ក៏កំពុងវាស់វែងភាពជោគជ័យរបស់ខ្លួន ដោយផ្អែកលើអ្វីដែលរដ្ឋាភិបាល បានកំពុងបម្រើជូនប្រជាពលរដ្ឋកម្ពុជាជាក់ស្តែង ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ស្របទៅតាមអរិយធម៌ខ្ពង់ខ្ពស់របស់ជាតិខ្មែរ។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។ បេសកកម្មសិក្សានេះ បានរួមចំណែកពង្រឹងបន្ថែមទៀត នូវមិត្តភាពដែកថែប «ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី» ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ការស្រាវជ្រាវគោលនយោបាយ និងការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច រវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវរបស់ចិន។
គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ឌិត្យសភាអភិបាលកិច្ចជាតិចិន សាស្ត្រាចារ្យ និងក្រុមសម្របសម្រួលទាំងអស់ ដែលបានរៀបចំកម្មវិធីប្រកបដោយគុណភាពខ្ពស់ និងការយកចិត្តទុកដាក់ គ្រប់ដំណើរការនៃកម្មវិធី។
គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទាំង២៥រូប បាននិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយមោទនភាព ជាមួយនឹងចំណេះដឹងថ្មីៗ និងការប្តេជ្ញាចិត្តក្នុងការបម្រើស្ថាប័ន និងប្រជាជាតិឱ្យកាន់តែប្រសើរឡើង។
ប្រភព៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងនៃសិក្ខាកាមចូលរួមសិក្ខាសាលានៅរដ្ឋធានីប៉េកាំង ប្រទេសចិន