ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូ ដែលជាដៃគូរោងចក្រឱសថ PPM មកពីទ្វីបអាហ្វ្រិក ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូដៃគូ និងបុគ្គលិករោងចក្រឱសថ PPM ចំនួន២០រូប មកពីប្រទេសនិយាយភាសាបារាំងចំនួន៦ នៅទ្វីបអាហ្វ្រិក ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសអាហ្វ្រិក។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងគូសបញ្ជាក់ថា កម្ពុជាចាត់ទុកបណ្តាប្រទេសអាហ្វ្រិកជាជាមិត្ត និងជាដៃគូដ៏សំខាន់ ដែលមានប្រវត្តិនៃការតស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យ ព្រមទាំងមានបំណងប្រាថ្នារួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។ ឯកឧត្តមក៏បានរំលឹកពីកេរដំណែលរួមក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ដែលបានផ្សារភ្ជាប់ចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងបណ្តាប្រទេសអាហ្វ្រិក។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានកោតសរសើរលោកឧកញ៉ា ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានរោងចក្រឱសថ PPM ព្រមទាំងដៃគូអាហ្វ្រិក ចំពោះការរួមចំណែកក្នុងការនាំយកឱសថផលិតនៅកម្ពុជាទៅកាន់ទីផ្សារអាហ្វ្រិក។ ឯកឧត្តម បានចាត់ទុកកិច្ចសហការដ៏យូរអង្វែងនេះថា ជាគំរូជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលឈរលើមូលដ្ឋាននៃទំនុកចិត្ត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ តំណាងគណៈប្រតិភូបានលើកឡើងថា កម្ពុជា និងបណ្តាប្រទេសអាហ្វ្រិកប្រឈមនឹងបញ្ហាសុខភាពស្រដៀងគ្នា ហើយការផ្គត់ផ្គង់ឱសថដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យ ស្របនឹងតម្រូវការរបស់ប្រជាជន គឺជាមូលដ្ឋានសំខាន់នៃភាពជោគជ័យរបស់ PPM នៅអាហ្វ្រិក។ កិច្ចសហការនេះបានកសាងទំនុកចិត្តពីដៃគូអាហ្វ្រិកអស់រយៈពេលជាង២០ឆ្នាំ និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានលើកទឹកចិត្តឱ្យពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យកសិកម្ម កសិឧស្សាហកម្ម និងផលិតផលអាហារ ដោយជំរុញទំនាក់ទំនងផ្ទាល់រវាងធុរជន សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតគម្រោងជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ពីតួនាទីនៃការទូតសភាក្នុងការសម្របសម្រួលទំនាក់ទំនង និងគាំទ្រគំនិតផ្តួចផ្តើមរបស់វិស័យឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាឱកាសល្អសម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា–អាហ្វ្រិក ស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តមបានជូនពរគណៈប្រតិភូឱ្យមានដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា និងសម្តែងក្តីសង្ឃឹមថា ជំនួបនេះនឹងបើកឱកាសសម្រាប់ភាពជាដៃគូថ្មីៗរវាងសហគ្រាសកម្ពុជា និងអាហ្វ្រិក។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ