















នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី បានអញ្ជើញបូជាគ្រឿងសក្ការៈបូជាថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣២៣អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា (វត្តតែងតែទទួលបានការឧបត្ថម្ភ ៣លើក ក្នុង១ឆ្នាំៗ)។
ទេយ្យវត្ថុជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពេីហា រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈចំរុះ ២០កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរ៉ូស ១០កញ្ចប់, តែ ២គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈេីស្រស់ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។ ប្រគេនព្រះចៅអធិការវត្ត នូវ សាដក១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ១លានរៀល៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា