khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសីទគ្រឿងបរិក្ខារសមុទ្រពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ “នាំក្ដីសុបិនរបស់មនុស្សជាតិឆ្ពោះទៅកាន់អនាគតថ្មី” ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នំា២០២៥ នៅទីក្រុងហ្វ៊ូចូវ ខេត្តហ្វ៊ូជៀន សាធារណរដ្ឋប្រជាមានិតចិន
     
    ចែករំលែក ៖

    ក្នុងពេលបំពេញទស្សនកិច្ច ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Long លេខាធិការរង នៃគណៈកម្មាធិការបក្សកុម្មុយនីសចិនប្រចាំខេត្តហ្វ៊ូជៀន និងជាអភិបាលខេត្តហ្វ៊ូជៀន។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តហ្វ៊ូជៀន ដែលបានអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះដើម្បីចែករំលែកបទពិសោធរបស់កម្ពុជានៅក្នុងការកសាងរចនាសម្ព័ន្ធសមុទ្រ។ ចំពោះទំនាក់ទំនងទ្វេភាគី ឯកឧត្តម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងមិត្តភាព កិច្ចសហការយ៉ាងស៊ីជម្រៅ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូពិត ភាពរឹងមាំនៃមិត្តភាពដែកថែប ឆ្ពោះទៅកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា ដោយឈរលើមូលដ្ឋានសាមគ្គីភាព ភាពធន់ ទំនុកចិត្ត និងមិត្តភាពយូរអង្វែង។ ជាការឆ្លើយតប ឯកឧត្តម Zhao Long បានសំដែនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមអនុប្រធានទី១ ដែលបានអញ្ជើញដឹកនាំ
    គណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទសមុទ្រដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម Zhao Long បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
    ដោយឡែក នៅក្នុងពិធីបើកសន្និសីទស្ដីពីបរិក្ខារសមុទ្រពិភពលោកឆ្នាំ២០២៥ ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ ដែលមានការចូលរួមពីគណៈប្រតិភូជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលមកពីប្រទេសចំនួន២៧ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា “ក្នុងនាមជាសមាជិកដ៏មានមោទនភាពរបស់អាស៊ាន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ និងសមាហរណកម្មតំបន់។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានឆ្លុះបញ្ចាំងនៅក្នុង គម្រោងព្រែកជីកហ្វូណនតេជោ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាចំពោះវឌ្ឍនភាពរយៈពេលវែងពាក់ព័ន្ធនឹងដែនសមុទ្រ និងការតភ្ជាប់ក្នុងតំបន់”។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ព្រែកជីកហ្វូណនតេជោ មានលក្ខណៈលើសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ពោលគឺវាបានបង្កប់នូវស្មារតីនៃសន្និសីទនេះ ដែលបាននាំក្តីសង្ឃឹមរបស់ប្រជាជនយើងឆ្ពោះទៅរកវឌ្ឍនភាព និងចីរភាព”។ ឯកឧត្តម បានបន្តថា កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់កំពង់ផែបៃតង និងសន្សំសំចៃថាមពល តាមរយៈការវិនិយោគថាមពលនៅលើឆ្នេរ ការលើកដាក់ទំនិញប្រើអគ្គិសនី និងប្រព័ន្ធភស្តុភារកម្មឌីជីថល ដែលនឹងជួយការពារបរិស្ថាន និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។ ខណៈដែលកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច រាជរដ្ឋាភិបាលកម្ពុជាកំពុងតម្រឹមគោលនយោបាយជាតិជាមួយនឹងវិស័យអាទិភាពចំនួន២ គឺកំណើនបៃតង និងបរិវត្តកម្ម
    ឌីជីថល។ ក្នុងន័យនេះ ឧស្សហកម្មសមុទ្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងភ្ជាប់ការរីកលូតលាស់ប្រកបដោយចីរភាពរបស់កម្ពុជាជាមួយពាណិជ្ជកម្មតំបន់ និងពិភពលោក។
    ក្រោយពីបានអញ្ជើញថ្លែងនៅក្នុងពិធីបើកសន្និសីទ ឯកឧត្តមអនុប្រធានទី១ ក៏បានអញ្ជើញបន្តថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មសមុទ្រអាស៊ាន-ចិន ឆ្នាំ២០២៥”។ ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនអ្នកចូលរួមអំពីអាទិភាពជាយុទ្ធសាស្រ្តរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការផ្លាស់ប្តូរបៃតង និងបរិវត្តកម្ម ឌីជីថល។ ឯកឧត្តម មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងរយៈពេលវែងនៃវិស័យសមុទ្រ គឺអាស្រ័យទៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យានៃ ឧស្សាហកម្ម៤.០ តួយ៉ាង ស្វ័យប្រវត្តិកម្ម និងប្រព័ន្ធ
    ភស្តុភារកម្មឌីជីថល។ ដូច្នេះ កម្ពុជាផ្ដល់សារៈសំខាន់ទៅលើតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងដំណើរការផ្លាស់ប្តូរនេះ តាមរយៈការផ្តល់លទ្ធភាពដល់ SMEs ក្នុងការទទួលបាននូវ
    ស្តង់ដារបៃតង និងបញ្រា្ជបខ្លួនទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ នៅចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយដៃគូនៅក្នុងអាស៊ាន និងប្រទេសចិន សំដៅកសាងឧស្សាហកម្មដែនសមុទ្រដែលមានភាពធន់ សំឡឹងឆ្ពោះទៅមុខ និងប្រកបដោយចីរភាព៕

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក