ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យ ស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្រមសីលធម៌មន្រ្តីអគ្គលេខាធិការដ្ឋាននៃសភាប្រើភាសាបារាំង
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ទី២៩ ខែមករា ឆ្នាំ២០២៦ នៅសភាទីក្រុងប៉ូតហ្គោរីកា ប្រទេសម៉ុងតេណេហ្រ្គោ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យនៃសភាប្រើភាសាបារាំង (Comité de vigilance démocratique de l’Assemblée parlementaire de la francophonie-APF) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងតាមដានប្រជាធិបតេយ្យ ស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្រមសីលធម៌មន្រ្តីអគ្គលេខាធិការដ្ឋាននៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពលោក Guillaume CHEVROLLIER ប្រធានគណៈកម្មការ នយោបាយAPF និងជាសមាជិកព្រឹទ្ធសភាបារាំង។ សមាសភាពនៃក្រុមការងារនេះ មានតំណាងមកពី៤តំបន់៖ អាស៊ី-ប៉ាស៊ីហ្វិក (មាន ឯកឧត្តម អ៊ុ សារឹទ្ធ) អាមេរិក (លោកស្រី Marilyne PICARD តំណាងរាស្រ្តកាណាដា) អាហ្រ្វិក (លោក Assan Seibou តំណាងរាស្រ្តសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ) និងតំណាងអឺរ៉ុប (លោក Jean-Paul Whal តំណាង រាស្រ្តនៃសភាសហព័ន្ធវ៉ាឡូនីព្រុចសែល-ប៊ែលហ្ស៊ិក) (លោក Carlo SOMMARUGA តំណាង រាស្រ្តសី្វស) និង(លោក Michel WOLTER តំណាងរាស្រ្តនៃសភាតំណាងរាស្រ្តលុចសំបួរ)។
នៅក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានឯកភាពសេចក្តីស្នើវិសោធនកម្មរបស់ឯកឧត្តម អ៊ុ សារឹទ្ធ ផងដែរ ដូចជា៖ និយមន័យនៃការទទួលវត្ថុអនុស្សាវរីយ៍ និយមន័យនៃពាក្យក្រមសីលធម៌ និងការចុះហត្ថលេខាចូលជាធរមាននៃសេចក្តីព្រាងក្រមសីលធម៌ ជាដើម។
អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទបញ្ជូនសេចក្តីព្រាងក្រមសីលធម៌ដើម្បីសុំការអនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃAPF ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៣០ និងទី៣១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ