គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងគណ:ប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនជនភៀសសឹកនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជូនប្រជាជនភៀសសឹកមកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លុងវែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោងចំនួន៥០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជុំរុំសុវត្ថិភាពរបស់ជនភៀសសឹក នៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជននៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យនេះ។

ឯកឧត្តមប្រធានគណៈកម្មការទី១០ បានមានប្រសាសន៍បន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ក៏ដូចជាយើងខ្ញុំទាំងអស់គ្នា ពិតជាយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសាហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ឯកឧត្តមប្រធាន និងគណៈប្រតិភូ នឹងខិតខំកៀរគរជំនួយមនុស្សធម៌មកជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនថែមទៀត។ លោក គីម ជុងណាម ក្នុងនាមប្រធា​នមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីរំជួលចិត្ត អាណិតអាសូរដល់ប្រជនភៀសសឹកទាំងអស់ ជាពិសេសក្មេងតូចៗដែលត្រូវការការថែរក្សានិងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងទទួលបាននូវការអប់រំយ៉ាងល្អ ប្រែជាត្រូវភៀសសឹកពីលំនៅដ្ឋានដ៏កក់ក្តៅ។ លោកប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានមកឃើញផ្ទាល់ភ្នែក និងស្វែងយល់យ៉ាងច្បាស់ពីតម្រូវ​ការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាជនភៀសសឹក។ ពេលត្រឡប់ទៅប្រទេសកូរ៉េវិញ លោកប្រធាននឹងខិតខំរៀប​ចំជំនួយមនុស្សធម៌ដែលស្របនឹងតម្រូវការចាំបាច់របស់បងប្អូន ហើយផ្ញើជូនដល់បងប្អូនឱ្យលឿនតាមដែលអាចធ្វើបាន។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ