ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 
ចែករំលែក ៖

នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំគោកត្រប់ សរុបចំនួន៣៥០នាក់ នៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។

អំណោយចែកជូនក្នុងឱកាសនោះ មានដូចជា៖ ឱសថ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ និងសម្លៀកបំពាក់៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ