ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ចុះបំពេញមុខងារតំណាងរបស់ខ្លួន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល
 
ចែករំលែក ៖

ក្នុងចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកកៀនស្វាយសរុបចំនួន ១១៣នាក់ នៅសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងជម្រាបជូនអំពីគោលបំណងនៃជំនួបនាពេលនេះ គឺដើម្បីបំពេញមុខងារតំណាងរបស់ខ្លួន ការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ និងជួយការងារសង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋានភូមិភាគរបស់ខ្លួន ដែលជាមួយក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោត។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម បានធ្វើបទបង្ហាញអំពីតួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងផ្សព្វផ្សាយអំពីអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចឱ្យមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ឆ្លៀសក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ និងអំណោយរបស់អង្គការមូលនិធិចែក​រំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា​យ​ថវិកាសរុបទាំងអស់ចំនួន ៦,៩៦២,០០០រៀល

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ