



















នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ ព្រមទាំងនាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅវេរប្រគេនចំពោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទេយ្យទានជាសទ្ធាជ្រះថ្លារបស់សម្តេចទាំងទ្វេ ដែលបានវេរប្រគេន រួមមាន៖ ទៀនព្រះវស្សា ១គូ, ផ្លែឈើស្រស់ ២កន្ត្រក, ទឹកដោះគោ Ensure ១កន្ត្រក, ទឹកមាត់ត្រចៀកកាំ ១កន្ត្រក, ទឹកប្រទាលកន្ទុយក្រពើ ៣កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ២កេស, ត្រីខ ២កេស, កាកាវ ២កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេសធំ, មី ១កេសធំ, ប្រេង ១កាន, សាច់ក្រក ១កន្ត្រកធំ, ត្រីងៀត ១កន្ត្រកធំ, អង្ករ ៣តោន និងបច្ច័យ ១០លានរៀល។ វេរប្រគេន សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ប្រគេន ត្រៃចីវរ ១ និងបច្ច័យ ២លានរៀល, ប្រគេន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងព្រះសង្ឃគង់អម ៥អង្គទៀត ក្នុង១អង្គៗ ប្រគេន ត្រៃចីវរ ១ និងបច្ច័យ ១លានរៀល។ ដោយឡែក បានជូនយាយជីតាជី ១០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា ១០ម៉ឺនរៀល និងកូនសិស្សព្រះសង្ឃ ៥០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន