មន្ត្រីព្រឹទ្ធសភា ២៥រូប នឹងត្រូវចេញទៅវគ្គបណ្តុះបណ្តាលនៅប្រទេសចិន
 
ចែករំលែក ៖

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ ឯកឧត្តម សុខ បញ្ញា នាយករងខុទ្ទកាល័យអនុប្រធានទី១ នៃព្រឹទ្ធសភា និងលោកជំទាវ សុខ លក្ខិណា នាយិការងខុទ្ទកាល័យអនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំរួមគ្នា ជាមួយសិក្ខាកាមជាមន្ត្រីរាជការព្រឹទ្ធសភា ដែលត្រូវបានជ្រើសរើសបំពេញទស្សនកិច្ចសិក្សានៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ មុនពេលចេញដំណើរទៅចូលរួមវគ្គសិក្ខាសាលាស្តីពី «ការវិភាគគោលនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់ប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង និងគុនមីង។

ដើម្បីធានាឱ្យការស្នាក់នៅ និងការសិក្សាទទួលបានជោគជ័យ សហប្រធានដឹកនាំបានសម្រេចរៀបចំ និងបែងចែកភារកិច្ចច្បាស់លាស់តាមរយៈការបង្កើតក្រុមការងារចំនួន៤ គឺ៖
១. ក្រុមខ្លឹមសារ និងរបាយការណ៍
២. ក្រុមការងាររដ្ឋបាល
៣. ក្រុមការងារពិធីការ
៤. ក្រុមការងារព័ត៌មាន និងទំនាក់ទំនង

សហប្រធានដឹកនាំបានជំរុញ និងណែនាំឱ្យសមាជិកក្រុមការងារទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការគោរពវិន័យ សាមគ្គីភាពផ្ទៃក្នុង និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងទស្សនកិច្ចសិក្សាខាងមុខ ជូនស្ថាប័ន។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ