














នាព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
គោលបំណងសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះរួមមាន៖
– ការរឹតបន្តឹងយានយន្តដឹកលើសទម្ងន់៖ កំណត់វិធានការត្រួតពិនិត្យ និងរៀបចំគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
– ការធានាសុវត្ថិភាពចរាចរណ៍៖ ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។
– ការកែសម្រួលទម្ងន់និងការផាកពិន័យ៖ កែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងបង្កើនពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះរថយន្តដែលល្មើសច្បាប់។
ការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ដែលជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន