









ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានសន្សំសំចៃថាមពលដែលជាអំណោយរបស់ក្រុមហ៊ុនស៊ីបកូ(SIPCO) ចែកជូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
លោកជំទាវប្រធាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង។ ក្នុងនោះ លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងក្មួយៗដែលមានអាយុគ្រប់បោះឆ្នោត ត្រូវត្រៀមខ្លួនចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។
លោកជំទាវប្រធាន បានលើកឡើងពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណ ដឹងគុណយ៉ាងធំធេងចំពោះកងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ។ ជាមួយគ្នានេះ លោកជំទាវ បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។
លោកជំទាវ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ ឱ្យបានគង់វង្ស។
អំណោយដែលបានផ្តល់ជូនក្នុងឱកាសនោះ គឺបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន SIPCO ជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដើម្បីរួមចំណែកការពារបរិស្ថាន កាត់បន្ថយឧស្ម័នពុល ផលប៉ះពាល់ដល់សុខភាព ការចំណាយថវិកា និងចំណេញពេលវេលា ព្រមទាំងលើកកម្ពស់បរិស្ថាន។ ប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន១ សារុង១ ព្រមទាំងបានឧបត្ថម្ភថវិកាដល់សមាគមនារីស្រុកថាឡាបរិវ៉ាត់ចំនួន ១.០០០.០០០រៀល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន