






នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត Francisco Guterres Lú-Olo អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា។
ក្នុងឱកាសដ៏សោកសៅនោះ ឯកឧត្តមបណ្ឌិតអនុប្រធានទី២ បានសម្តែងសមានចិត្តរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ។ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងចំណងមិត្តភាពដ៏ល្អ រវាង ឯកឧត្តមបណ្ឌិត Francisco Guterres Lú-Olo និងសម្តេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកភាពជាដៃគូនេះ ដើម្បីបន្តសម្រេចនូវចក្ខុវិស័យរួមគ្នា។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវសាមគ្គីភាពយ៉ាងមុតមាំជាមួយប្រទេសទីម័រឡេស្តេ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត Francisco Guterres Lú-Olo បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន