ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបូជាសពឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសពឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា នៅសួនមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនញាតិមិត្តជិតឆ្ងាយជាច្រើនកុះករ ប្រកបដោយមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណព្រះអគ្គី៣ជុំព្រះមេរុហ៍ និងក្រុមគ្រួសារនៃសព ឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម ទឹម ផន ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។

ជាកិច្ចចុងក្រោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសព ព្រមទាំងការគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតរបស់ ឯកឧត្តម យក់ ប៊ុនណា ត្រូវជាកូនប្រសារ ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យសពឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា ចាប់ពីថ្ងៃចាប់ផ្តើមរហូតពិធីបុណ្យបានបញ្ចប់សព្វគ្រប់ ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងព្រះពុទ្ធសាសនា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ