ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ពិនិត្យវឌ្ឍនភាពការងារខែមិថុនា និងកំណត់ទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែខុទ្ទកាល័យ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងារខែមិថុនា និងទិសដៅខែកក្កដា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានរំលឹកអំពីការត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០” ដែលជាចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិតបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិជាធរមាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានបង្ហាញការគាំទ្រចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សម្រាប់ទិសដៅការងារបន្ត ឯកឧត្តមបណ្ឌិតបានដាក់ចេញនូវអាទិភាពសំខាន់ៗចំនួនពីរ គឺ៖ ១-ពង្រឹងប្រសិទ្ធភាពការងារផ្ទៃក្នុង តាមរយៈការរៀបចំអត្ថបទវិភាគអំពីស្ថានភាពបច្ចុប្បន្ន និង២-ពង្រីកការផ្សព្វផ្សាយព័ត៌មានជាភាសាអង់គ្លេស ដើម្បីជំរុញការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព បង្កើនសមត្ថភាពវិជ្ជាជីវៈ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវបេសកកម្ម និងផែនការការងារដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព៕

ខ្លឹមសារ​៖ ខុទ្ទកាល័យ​ឯកឧត្ដម​អនុប្រធាន​ទី២ព្រឹទ្ធសភា​
រូបភាព៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ