




នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ នៃសន្និសីទ ISC និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអគ្គលេខាធិការ ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសហការត្រៀមរៀបចំលក្ខណៈសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៅខែសីហាខាងមុខ នៅទីក្រុងភ្នំពេញ។
នៅក្នុងឱកាសនោះ ទន្ទឹមនឹងសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ នៃសន្និសីទ ISC និងគណប្រតិភូ ឯកឧត្តម ប្រធានស្តីទី បានអបអរសាទរចំពោះលទ្ឋផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំការងារត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ រវាងតំណាងព្រឹទ្ធសភា កម្ពុជា ដឹកនាំដោយឯកឧត្តម ងី ចន្ទ្រផល អនុប្រធានប្រចាំការគណៈកម្មការដឹកនាំ សម្រាប់កិច្ចប្រជុំ ISC-2 និងអគ្គលេខាធិការដ្ឋាន ISC ដឹកនាំដោយឯកឧត្តម Ek Nath Dhakal នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅវិមានព្រឹទ្ធសភា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានស្តីទី បានឆ្លើយបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនសំដៅរៀបចំឱ្យបានជោគជ័យនូវសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នាពេលខាងមុខនេះ។
ឯកឧត្តម Ek Nath Dhakal បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងបានសម្តែងនូវការកោតសរសើរចំពោះការត្រៀមរៀបចំសន្និសីទ ISC-2 របស់ភាគីកម្ពុជា បានល្អប្រសើរ និងបានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន ISC ត្រៀមជានិច្ចក្នុងការបន្តសហការចំពោះការរៀបចំ ISC-2 នៅភ្នំពេញនាខែសីហាខាងមុខ។
នៅទីបញ្ចប់ ឯកឧត្តម ប្រធានស្តីទី បានមានប្រសាសន៍ថា កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍គណប្រតិភូទាំងព្រឹទ្ធសភា រដ្ឋសភានៃប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមសន្និសីទ ISC-2 និងបានសម្តែងនូវទំនុកចិត្តថា សន្និសីទដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ នឹងរួមចំណែកដល់ការពង្រឹងការទូតសភា ការលើកកម្ពស់សន្តិភាព និងវិបុលភាពរួមគ្នា និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាដែលចូលរួម។
ខ្លឹមសារ៖ ខុទ្ទការល័យអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន