កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារខែមេសា-កក្កដា និងទិសដៅការងារខែសីហា-កញ្ញា របស់ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាពនៃការវិវត្តព្រឹត្តិការណ៍ធំៗប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន ដែលមានឥទ្ធិពលក្នុងតំបន់ និងពិភពលោក ជាពិសេសការពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិរបស់កម្ពុជាដោយផ្ទាល់។  ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំឱ្យសមាជិកខុទ្ទកាល័យទាំងអស់សហការជិតស្និទ្ធបន្ថែមទៀតជាមួយនឹងអង្គភាពនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ មិនគ្រាន់តែសំដៅពង្រឹងប្រសិទ្ធផលការងាររបស់ខុទ្ទកាល័យប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជាកម្លាំងរួមជួយបង្កើនសហថាមពលរបស់ស្ថាប័នព្រឹទ្ធសភាទាំងមូលផងដែរ។​​ ទន្ទឹមនឹងគ្នានេះដែរ​ កិច្ចប្រជុំក៏ផ្តោតលើ ការចូលរួមចំណែកក្នុងការងារត្រៀមលក្ខណៈរបស់ព្រឹទ្ធសភា​ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅចុងខែសីហា ឆ្នាំ២០២៦ខាងមុខនេះផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងខែមេសា-កក្កដា និងបានលើកទិសដៅការងារបន្តខែសីហា – កញ្ញា ឆ្នាំ២០២៦ របស់ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមន្រ្តីខុទ្ទកាល័យទាំងអស់ ក្រៅពីការងារស្នូលរបស់ខ្លួន បន្តតាមដាន និងសិក្សាស្វែងយល់បន្ថែមអំពីការវិវត្តថ្មីៗរបស់សកលលោក និងតំបន់ ព្រមទាំងជំរុញឱ្យមន្ត្រីបន្តប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពការងារជាក្រុម និងអនុវត្តនូវមុខងារតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមចក្ខុវិស័យរបស់ស្ថាប័ន។ 
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា សរុបចំនួ ២០រូប នៅសាលប្រជុំខុទ្ទកាល័យ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ