













ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកចន្រ្ទាចំនួន៣ឃុំ មកពីឃុំចន្រ្ទា ឃុំច្រេស និងឃុំព្រៃគគីរ និងក្រុងបាវិតចំនួន២សង្កាត់ មកពីសង្កាត់បាទី និងសង្កាត់ប្រាសាទ ខេត្តស្វាយរៀង សរុបចំនួន២៧នាក់ នាព្រឹកថ្ងៃពុធ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកចន្ទ្រា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកទាំងអស់ និងបានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចូលរួមពិនិត្យ និងខិតខំអនុម័តឱ្យបាន១០០%លើផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលបានដាក់ចេញកន្លងមក ដោយធានាឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព តម្លាភាព ដើម្បីឆ្លើយតបឱ្យបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។
ប្រភព៖ នាយកដ្ឋានព័ត៌មាន