ឯកឧត្តម ឈួន ឆាម៖ ការរួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន និងពង្រឹងការផ្តល់សេវាសាធារណៈ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកកោះអណ្តែត ខេត្តតាកែវ ដែលមានអ្នកចូលរួមសរុបចំនួន៩៨នាក់ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានសង្កត់ធ្ងន់ថា ការរួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន និងពង្រឹងការផ្តល់សេវាសាធារណៈ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការលះបង់របស់អាជ្ញាធរស្រុក ឃុំ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានស្តីទី បានលើកឡើងថា ពិធីសំណេះសំណាលនេះ ជាធាតុចូលដ៏មានតម្លៃសម្រាប់ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋាន។ ដូច្នេះអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រែក្លាយធាតុចូលពីកិច្ចសំណេះសំណាលទៅជាសកម្មភាពជាក់ស្តែង ដែលអាចធ្វើឱ្យការបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាលំដាប់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានស្តីទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សម្រេចបាន។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឱ្យបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន កុំឱ្យបញ្ហាតូចក្លាយជាបញ្ហាធំ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងពង្រឹងរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ឱ្យក្លាយជារដ្ឋបាលរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលសង្គមជាតិ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាព។

ជាចុងក្រោយ ឯកឧត្តម បានណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមពិនិត្យឈ្មោះបោះឆ្នោត ព្រមទាំងត្រៀមរាល់ឯកសារសម្រាប់បម្រើការបោះឆ្នោត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ